បង្គាចាក់ចាហួយជាង៧តោនកន្លះ មានសារធាតុគីមីប៉ះពាល់សុខភាពនាំចូលពីវៀតណាម ត្រូវកម្លាំងជំនាញបង្គ្រាបបានទាន់ពេល

កំលាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល ក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្រា្កបករណីនាំចូលបង្គាពីប្រទេសវៀតណាម ពុំមានច្បាប់អនុញ្ញាតិ ដឹកតាមរថយន្តចំនួន 03គ្រឿង មានបង្គា(បង្គាមានចាក់សារធាតុម្យ៉ាងខាប់ដូចចាហួយចូលក្បាលបង្គា) និងគ្រឿងសមុទ្រមួយចំនួន និងគ្មានច្បាប់អនុញ្ញាតិចំនួន= ៣៧៦កេស ប្រមាណ 7.520 គីឡូក្រាម ។

ចំពោះវត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារង បានសម្រេចឲ្យដកហូតរក្សាទុកជាបណ្តោះអាសន្ននៅនាយកដ្ឋាន បន្ទាប់មកបានបញ្ជា ឲ្យយកបង្គា ដែលមានចាក់បញ្ចូលសារធាតុ ដូចបានរៀបរាប់ខាងលើ និងគ្មានច្បាប់ យកទៅដុតបំផ្លាញចោលនៅទីលានចាក់សំរាមបឹងជើងឯក នៅវេលាម៉ោង3,10 នាទីល្ងាច ថ្ងៃ-ខែ-ឆ្នាំដដែលនិងបាននាំខ្លួនអ្នកបើកបររថយន្តចំនួន 03នាក់ មកសាកសួរបំភ្លឺនៅនាយកដ្ឋាន ដើម្បីស្វែងរកម្ចាស់ បន្តនីតិវិធីតាមផ្លូវច្បាប់ ៕



ប្រភព៖នាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច